កម្ពុជានាំចេញដំណាប់ស្វាយស្ងួតចំនួន ២០តោន ជាលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី
Roth - ១០ វិច្ឆិកា ២០២៥
image

កម្ពុជា​តាម​រយៈ​ស្ថាន​ទូត​អូ​ស្រ្តា​លី​ និងក្រុម​ហ៊ុន​ គិរីរម្យ​ ហ៊្វូដ ប្រដាក់​សិន បាន​ស​ហ​ការ​នាំ​ចេញ​ដំណាប់​ស្វាយ​ស្ងួតចំនួន​ ២០​តោន​ ​​ទៅ​កាន់​ទីផ្សារប្រទេស​អូ​ស្ត្រាលី​ ជា​លើកដំបូង​ក្រោម​កិច្ច​ព្រមព្រៀង​រយៈ​ពេល​វែង​។​

កិច្ច​ព្រម​ព្រម​ព្រៀងនេះមាន ​រយៈ​ពេល​ ៦​ឆ្នាំ រវាង​ក្រុម​ហ៊ុនខ្មែរ និ​ង​តំណាង​​ចែក​ចាយបោះ​ដុំ​ដ៏ធំមួយរបស់អូស្តា្រលី ​នឹងបើកផ្លូវឲ្យពាណិជ្ជករ​​ផ្គត់​ផ្គង់ផលិត​​ផល​កសិកម្មកម្ពុជាមួយ​នេះ​ទៅកាន់​​ហាង​ទំនិញ​ល្បី​ៗនៅលើទឹកដីអូស្ត្រាលី។ ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​។​​

គួរបញ្ជាក់ថា៖ បើយោងតាមរបាយការណ៍ឆមាសទីមួយនៃឆ្នាំ២០២៥ បានបង្ហាញពីការថយចុះ ៧,១៤ភាគរយ នៃការនាំចេញស្វាយស្រស់របស់កម្ពុជា ដែលមានចំនួនសរុប ១៧៦,៩០៩,៣៣តោន ដែលបណ្តាលមកពីតម្រូវការក្នុងស្រុកកើនឡើង ចាប់តាំងពីមានភាពតានតឹងរវាងកម្ពុជា-ថៃ ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សេណារីយ៉ូនេះ បានកើតឡើងរួមជាមួយនឹងការកើនឡើង ១៩,២៦ ភាគរយ នៃការនាំចេញផលិតផលស្វាយស្ងួត ដែលគួរឲ្យកត់សម្គាល់វិញ។

បើតាមលោក ជ័យ តិច អ្នកវិភាគសេដ្ឋកិច្ចសង្គម បានសង្កត់ធ្ងន់លើតួនាទីជាយុទ្ធសាស្ត្ររបស់ស្វាយនៅក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ ការវិភាគរបស់លោកបានកំណត់អត្តសញ្ញាណក្រុមហ៊ុនចំនួន ៣៨ ដែលចូលរួមក្នុងការសម្ងួតស្វាយ ដែលភាគច្រើនមានទីតាំងនៅខេត្តកំពង់ស្ពឺ ដោយមានក្រុមហ៊ុនមួយចំនួនតូចជាម្ចាស់ក្នុងស្រុក ក្នុងចំណោមប្រតិបត្តិការភាគច្រើនជារបស់ក្រុមហ៊ុនចិន។ លោកឲ្យដឹងទៀតថា ការនាំចេញស្វាយស្ងួតភាគច្រើនផ្តោតលើសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន និងប្រទេសអាស៊ានមួយចំនួន ប៉ុន្តែបច្ចុប្បន្នតម្រូវការក្នុងស្រុកបានរារាំងកំណើននាំចេញ ផងដែរ។

លោក ជ័យ តិច បានកត់សម្គាល់ថា បញ្ហាខ្លះបណ្តាលមកពី ការផ្អាកប្រតិបត្តិការនៃកន្លែងកែច្នៃមួយចំនួនបានកើតឡើងដោយសារតែការមិនអនុលោមតាមច្បាប់បរិស្ថាន ជាពិសេសទាក់ទងនឹងការគ្រប់គ្រងកាកសំណល់។ ភាពតានតឹងរវាងកម្ពុជា និងថៃ ដែលបានបញ្ឈប់ការនាំចូលផ្លែឈើ និងបន្លែរបស់ថៃ បានជំរុញការប្រើប្រាស់ក្នុងស្រុកកើនឡើង ។ លោកបានគូសបញ្ជាក់ពីជាតិនិយមសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញការគាំទ្រដល់ផលិតផលដាំដុះក្នុងស្រុក ដែលជួយដល់ផលិតភាពសេដ្ឋកិច្ច និងកសិកម្ម កម្ពុជា ឲ្យកាន់តែល្អប្រសើរ ។


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣